ដោយ គី សុខលីម
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 02/02/2009
ដោយសារស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមិនមានសុខភាពល្អនោះ ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិបានចាត់វិធានការណ៏មួយចំនួននាពេលកន្លងមករួមមាន៖ ក្រុមហ៊ុនសាងសង់ត្រូវតម្កល់ថវិការ ២% ការតម្លើង និងបញ្ចុះប្រាក់តម្កល់របស់ធនាគារពាណិជ្ជ និងការលើកបំរាមកម្ចីអចលនទ្រព្យ។ល។
ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិបានចាត់វិធានការណ៏ពិសេសៗមួយចំនួន ដើម្បីទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ចមិនល្អនៅក្នុងប្រទេសកម្ពុជា។ វិធានការណ៏ទាំងនោះរួមមាន៖ ទីមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់អោយក្រុមហ៊ុនសាងសង់តម្កល់ប្រាក់ ២%នៃទឹកប្រាក់វិនិយោគសរុបទាំងអស់របស់ខ្លួននៅធនាគារជាតិ។ ទីពីរ ធនាគារជាតិនៃកម្ពុជាបានសម្រេចតម្លើងប្រាក់តម្កល់លើប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជពី ៨%ទៅដល់១៦% មុននឹងទម្លាក់មកនៅត្រឹម ១២%វិញ។ ទីបី ធនាគារជាតិនៃកម្ពុជាតម្រូវអោយធនាគារពាណិជ្ជទាំងអស់តម្លើងប្រាក់ដើមទុនរបស់ខ្លួនពី១៣លានដុល្លាទៅដល់៣៩លានដុល្លា និងទីបួន ធនាគារជាតិនៃកម្ពុជាបានសម្រេចអនុញ្ញាត្តិអោយធនាគារពណិជ្ជអាចផ្តល់ឥណទានសម្រាប់ទិញអចលនទ្រព្យឡើងវិញបាន។
ទាក់ទងនឹងវិធានការណ៏ទីមួយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណត់អោយក្រុមហ៊ុនសាងសង់តម្កល់ប្រាក់ ២%នៃទុនវិនិយោគសរុបរបស់ខ្លួននោះ ក្រសួងសេដ្ឋកិច្ចធ្លាប់បានពន្យល់ថា នេះគឺជាវិធានការណ៏ដើម្បីការពារអតិថិជនតែប៉ុណ្ណោះមានន័យថា ប្រសិនបើក្រុមហ៊ុនសាងសង់ធ្វើផ្តេសផ្តាសនោះ គេមានថវិការមួយចំនួនដើម្បីអាចទូទាត់សងអតិថិជនវិញបាន។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនសាងសង់វិញ ពួកគេបានលើកហេតុផលថា វិធានការណ៏គឺជាឧបសគ្គបន្ថែមទៀតសម្រាប់វិស័យអចលនទ្រព្យដែលកំពុងស្ថិតនៅក្នុងវិបត្តិរួចទៅហើយនោះ។
ចំពោះវិធានការណ៏តម្លើង និងបញ្ចុះប្រាក់តម្កល់លើប្រាក់បញ្ញើរបស់ធនាគារពាណិជ្ចនោះ មន្រ្តីធនាគារជាតិនៃកម្ពុជាបានពន្យល់ថាកាលពីមុន អត្រាប្រាក់តម្កល់លើប្រាក់បញ្ញើមានតែ ៨%ទេប៉ុន្តែក្រោយមក អត្រានេះត្រូវបានគេតម្លើងដល់ ១៦%។ ការសម្រេចតម្លើងដល់ ១៦%នេះ គឺក្នុងគោលបំណងជួយទប់ស្កាត់បាតុភូតអតិផរណាដែលបានឡើងខ្ពស់ហួសហេតុកាលពីខែមករាកន្លងមក។ ប៉ុន្តែក្រោយមក ដោយសារសង្កេតឃើញថានិន្នាការអតិផរណាមានការថយចុះមកវិញនោះ ធនាគារជាតិនៃកម្ពុជាបានសម្រេចកាលពីចុងខែមករាកន្លងមក បញ្ចុះពី ១៦%មកនៅត្រឹមតែ ១២% ប៉ុណ្ណោះ។
ការសម្រេចនេះបានធ្វើអោយអ្នកសេដ្ឋកិច្ច និងធនាគារមួយចំនួនមានការសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះពួកគេយល់ថាវិធានការណ៏នេះបង្កលក្ខណៈអោយធនាគារពាណិជ្ជមានសាច់ប្រាក់កាន់តែច្រើនដើម្បីផ្តល់កម្ចីកាន់តែទូលំទូលាយដល់អតិថិជន។ ចំពោះវិធានការណ៏ទាក់ទងទៅនឹងការបង្កើនប្រាក់ដើមទុនរបស់ធនាគារពាណិជ្ជពី ១៣លានទៅដល់៣៩លានដុល្លានោះ ធនាគារធំៗអបអរសាទរ ប៉ុន្តែធនាគារតូចតាចវិញ ពួកគេអាចជួបនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុ។
ទាក់ទងទៅនឹងវិធានការណ៏លើកបំរាមកម្ចីអចលនទ្រព្យនោះ មន្រ្តីធនាគារជាតិបានពន្យល់ថា ធនាគារពាណិជ្ជមានការយល់ដឹងច្រើនហើយទៅនឹងចំនុចវិជ្ជមាន និងអវិជ្ជមានចំពោះវិស័យអចលនទ្រព្យ។ កាលពីពេលកន្លងមក ធនាគារជាតិនៃកម្ពុជាបានកំណត់អោយធនាគារពាណិជ្ជផ្តល់កម្ចីតែ ១៥%នៃប្រាក់កម្ចីសរុបប៉ុណ្ណោះសម្រាប់ការទិញអចលនទ្រព្យ។ ប៉ុន្តែកាលពីចុងខែមករាកន្លងមក ធនាគារជាតិបានសម្រេចលើកបំរាមនេះចោល។ ការលើបំរាមនេះចោលត្រូវបានអុ្នករកស៊ីក្នុងវិស័យអចលនទ្រព្យពិពណ៌នាថា គឺជាចំនុចល្អដែលអាចធ្វើអោយទីផ្សារដីធ្លីអាចមានជីវិតឡើងវិញ។
បើទោះបីជាមានវិធានការណ៏ទាំងនេះក៏ដោយ ក៏លោកហួត ពុំ សាស្រ្តាចារ្យសេដ្ឋកិច្ចបានទោះទាយថា សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំទៀត រីឯវិស័យអចលនទ្រព្យវិញ អាចត្រូវការពេលវេលាច្រើនជាងនេះតទៅទៀត។